សម្លស៊ុបកូនកាត់ជូរហឹរបែប ថៃ ពីផ្ទះបាងកក
By
ដារ៉ា-រិទ្ធ☎️0888098099☎️099469899
អាហារដ្ឋានល្បីៗ
សព្វថ្ងៃ អ្នកចូលចិត្តញ៉ាំម្ហូបថៃបែបនេះគឺមិនចាំបាច់ទៅដល់ស្រុកថៃនោះទេ ដោយផ្ទះបាងកកនៅរាជធានីភ្នំពេញគឺជាហាង ដែលជំនាញធ្វើម្ហូបថៃរសជាតិដើមពិតៗ ។ម្ហូបទាំងនោះមានដូចជា ស៊ុបកូនកាត់ ញាំពោះតាន់ជូរអែម បាយឆាម្រះព្រៅ បុកល្ហុងព្រៃ ការីខៀវជើងមាន់ ញាំពងទាជូរអែម និងភ្លាក្តាមប្រៃបែបថៃ។
ចំពោះសម្លស៊ុបកូនកាត់ មានគ្រឿងផ្សំងាយៗដូចជា ឆ្អឹងជំនីរខ្ចី ដំឡូងបារាំង រំដេង គល់ស្លឹកគ្រៃ ម្ទេសឆ្អើរ ស្លឹកឃិនឆាយ ស្លឹកក្រូចសើច ស្លឹកខ្ទឹម អំបិល ស្ករស ក្រូចឆ្មារ និងម្សៅស៊ុប។ដំបូងត្រូវយកឆ្អឹងជំនីរខ្ចីរស្ងោរជាមួយទឹកស៊ុបដំឡូងបារាំង និងរំដេង ឲ្យឆ្អិន។
ទឹកដែលស្ងោរត្រូវយកទៅដាំជាថ្មី ដោយបង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើចមួយរំពុះ សឹមយកឆ្អឹងជំនីរដែលស្ងោររួចចាក់ចូល ដោយបន្ថែមម្ទេសឆ្អើរបុកដាក់ចូល។ បន្ទាប់មកទៀតបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និងម្សៅស៊ុប រួចបិទភ្លើងចង្ក្រាន សឹមដាក់ទឹកក្រូចឆ្មារចូលជាការស្រេច។
នៅពេលដួសដាក់ចាន ឬឆ្នាំងភ្លើងត្រូវបន្ថែមម្ទេសឆ្អើរទាំងមូល ស្លឹកខ្ទឹម និងស្លឹកឃិនឆាយ។ផ្ទះបាងកក ស្ថិតនៅម្តុំផ្សារកាប់គោ ហើយជាទូទៅម្ហូបបម្រើនៅទីនោះមានតម្លៃថោកសមរម្យចន្លោះពី ៦០០០ ទៅ ២០០០០ រៀល៕